(ភ្នំពេញ) ៖ ក្រុមហ៊ុនហង្សមាសបានប្រកាសថា សពអ្នកនាង សាន ស្រីឡៃ ដែលត្រូវប្តីបាញ់សម្លាប់ នឹងបូជានៅវេលាព្រឹកថ្ងៃពុធ ទី១៨ ខែតុលា គឺនៅយប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ នៅក្នុងវត្តសែនសុខ តែម្តង នៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមការប្រកាសរបស់ក្រុមហ៊ុន ហស្សមាស បានឲ្យដឹងថា «យើងខ្ញុំទាំងអស់គ្នា ជាថ្នាក់ដឹកនាំ និងបុគ្គលិកនៃក្រុមហ៊ុនហង្សមាសគ្រុប សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះក្រុមគ្រួសាររបស់អ្នកនាង សាន ស្រីឡៃ តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស ដែលបានទទួលមរណៈភាព កាលពីល្ងាចថ្ងៃចន្ទ ទី១៦ ខែតុលា ឆ្នាំ២០១៧។ សពនឹងត្រូវបូជានៅថ្ងៃពុធ ទី១៨ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង៩ព្រឹក នៅវត្ត សែនសុខ សូមជូនដំណឹងនេះដល់ញាតិមិត្តជិតឆ្ងាយនៃសព»។
ជាមួយនឹងការប្រកាសផ្លូវការរបស់ក្រុមហ៊ុន ដែលអ្នកនាង សាន ស្រីឡៃ បានបម្រើការងារនេះដែរ ក្រុមសិល្បះចម្រុះ ទាំងតារាចម្រៀង តារាសម្ដែង បានបង្ហាញសារសោកស្ដាយចំពោះការស្លាប់របស់តារាសម្ដែងរូបស្រស់រូបនេះដែរ។
សពអ្នកនាង សាន្ត ស្រីឡៃ ដែលត្រូវបានអតីតស្វាមីបាញ់សម្លាប់ ត្រូវបានសាច់ញាតិយកទៅតម្កល់ទុកនៅក្នុងវត្ត សែនសុខ ក្នុងខណ្ឌ សែនសុខ រាជាធានីភ្នំពេញ ក្បែរបុរីកាំកូស៊ីធី ចំណែកសពបុរសជាប្តី ត្រូវបានសាច់ញាតិដឹកយកទៅស្រុកកំណើតនៅភូមិធានី ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង។
តារាចម្រៀង សាន្ត ស្រីឡៃ ដែលល្បីខ្លាំងក្នុងពិធីប្រឡងចម្រៀងក្នុងកម្មវិធី The Voice Cambodia របស់ស្ថានីយទូរទស្សន៍ហង្សមាស ត្រូវអតីតប្តីរបស់នាងឈ្មោញ ជ័យ រិន ដែលជាមន្ត្រីគយ បាញ់សម្លាប់ភ្លាមៗ នៅក្នុងក្លីនិកកែសម្ផស្ស យីហោ វ៉ាយតាឡុងហ្គោ ហើយក្រោយមកបានបាញ់សម្លាប់ខ្លួនឯងតាមក្រោយ បន្ទាប់ពីបានបាញ់សម្លាប់ប្រពន្ធខ្លួនឯងចំនួន៣គ្រាប់ ២គ្រាប់ត្រូវចំដើមទ្រូង និង១គ្រាប់ទៀត ត្រូវចំសៀតផ្កា នៅក្នុងក្លីនិក ស្ថិតនៅផ្លូវ៣៦០ កែងផ្លូវ៥៧ សង្កាត់បឹងកេងកង១ ខណ្ឌចំការមនរាជាធានីភ្នំពេញ។
នៅកន្លែងកើតហេតុសមត្ថកិច្ចបានពិនិត្យសាកសពឃើញសាកសពអ្នកទាំង២ ដែលម្នាក់ដួលស្លាប់ស្តូកសដឹងក្នុងថ្លុកឈាម ក្នុងនោះមាននារីដ៏ស្រស់ស្ងាតម្នាក់ ដែលគេស្គាល់ថា ជាអតីតបេក្ខនារី The voice Cambodia នៅរដូវកាលទី១ អ្នកនាង សាន្ត ស្រីឡៃ ចំណែកសពបុរសស្លាប់នៅក្បែរនាង គឺជាស្វាមី។
យោងតាមឃ្លីបវីដេអូ សុវត្ថិភាពរបស់ក្លីនិកកែសម្ផស្សបានបង្ហាញថា បរុសជាអតីតស្វាមី ដំបូងឡើយបានបាញ់ប្រពន្ធមួយគ្រាប់ ត្រូវខ្នងធ្វើឲ្យនាងដួលភ្លាមតែម្តង រួចហើយបាញ់ថែម២គ្រាប់ទៀត ត្រូវក និងសៀតផ្កា ក្រោយមកទើបបាញ់ខ្លួនឯង ត្រង់សៀតផ្កាខាងស្តាំ ហើយដួលស្លាប់នៅក្បែរសពប្រពន្ធ៕
ប្រភព៖ SwiftNewsDaily