Breaking News

ការដើរ​ ៣០​នាទី​មួយថ្ងៃ​ ជួយ​ទប់ស្កាត់​ការស្លាប់​មុន​អាយុ​

នាក់បានមើលអត្ថបទនេះ
​បើ​យោងតាម​ការសិក្សា​ស្រាវជ្រាវ​មួយ បាន​រកឃើញថា​ ការចំណាយ​ពេល​ដើរ ៥​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍​ដោយ​ក្នុង​រយ ពេល​៣០​នាទី​ក្នុង​មួយថ្ងៃ ពិតជា​ជួយ​ទប់ស្កាត់​ការស្លាប់​មុន​អាយុ ​និង​កាត់បន្ថយ​ហា​និ​​ភ័យ​ជំងឺ​បេះដូង​បាន​ពិតមែន​។​ តាមរយៈ​​ការ​ស្រាវជ្រាវ​លើ​មនុស្ស ១៣០ ០០០​នាក់​ក្នុង​ ១៧​ប្រទេស​ផ្សេងគ្នា បាន​រកឃើញថា ​អ្នក​ដែល​ទៅ​ហាត់ប្រាណ ដើរទៅ​ធ្វើការ ឬ​ធ្វើ​ការងារ​ផ្ទះ ដូចជា​បោក​ខោអាវ ឬ​ធ្វើ​ការងារ​ដាំ​ដុះ​ផ្សេងៗ ពួកគេ​មាន​អាយុ​វែង និង​មិនសូវមាន​ជំងឺ​ឈឺ​ថ្កាត់​។​



​លោក Scott Lear អ្នកឯកទេស​​ខាង​ជំងឺ​​បេះដូង​ក្នុង​មន្ទី​ពេទ្យ St Paul ក្នុងប្រទេស​កាណាដា ដែល​បានធ្វើ​ការសិក្សា​ស្រាវជ្រាវ​​ បាន​មានប្រសាសន៍ថា​ ៖ «​ពេលដែល​មនុស្ស​ធ្វើ​លំ​ហាត់ប្រាណ​ទៀងទាត់ វា​ពិតជា​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង និង​ការស្លាប់​មុន​អាយុ​បាន​ពិត​មែន​។ ការដើរ​រយៈពេល​ ៣០​នាទី​ជាប្រចាំ​ថ្ងៃ​ ពិត​ជាមាន​ផលប្រយោជន៍​ច្រើន​មែនទែន ហើយ​ការធ្វើសកម្មភាព​ណា​ដែល​បញ្ចេញ​ថាមពល​រាងកាយ​រាល់ថ្ងៃ​ពិត​​ជា​ជួយ​កាត់បន្ថយ​ហា​នី​ភ័យ​ផ្សេងៗ​​​បាន​ផង​ដែរ»។

​លោក​ បាន​មានប្រសាសន៍​បន្ថែមទៀត​ថា ដើម្បី​ការពារ និង​ព្យាបាល​ជំងឺ​បេះដូង អ្នក​ត្រូវ​ចំណាយលុយ​លេបថ្នាំ និង​ញ៉ាំ​បន្លែ ផ្លែឈើ​ផ្សេងៗ​ជាដើម​។ ប៉ុន្តែ អ្នកក្រ​មិនមាន​លទ្ធភាព​ទិញ​របស់​ទាំង​នោះមក​ញ៉ាំ​នោះទេ​។ តែ​ត្រូវ​ចាំ​ថា ការដើរ​គឺ​មិនចាំបាច់​ចំណាយលុយ​មួយ​សេន​ទេ ហើយ​ថែមទាំង​ជួយ​ឲ្យ​អ្នកមាន​សុខភាព​ល្អ​ទៀតផង​។



​អង្ក​ការ​សុខភាព​ពិភពលោក (World Health Organization) បាន​ណែនាំ​ឲ្យ​មនុស្ស​ដែលមាន​​វ័យ​ចាប់ពី​​ ១៨ ទៅ​៦៤​ឆ្នាំ គួរតែ​យ៉ាងហោចណាស់​ចំណាយពេល ១៥០​នាទី​ក្នុង​មួយ​សប្ដាហ៍​ធ្វើ​លំ​ហាត់ប្រាណ ឬ​សកម្មភាព​ណា​ដែល​បញ្ចេញ​ថាមពល​រាងកាយ ហើយ​​​អ្នក​ដែល​ហាត់ប្រាណ​យក​សាច់ដុំ គួរតែ​ចំណាយពេល​យ៉ាងតិច​២​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍​។​

​ក្រុម​របស់លោក Scott Lear បាន​រកឃើញ​ផងដែរ​ថា ប្រសិនបើ​ប្រជាជន​ក្នុង​ពិភពលោក​អាចធ្វើ​បាន​ដូច​អ្វីដែល​អង្ក​ការ​សុខភាព​ពិភពលោក (The World Health Organization) បាន​ណែនាំ​មែន នោះ​មនុស្ស​ម្នាក់​ក្នុងចំណោម​ ១២​នាក់​ដែលមាន​ការស្លាប់​មុន​អាយុ​ អាច​នឹងត្រូវ​កាត់បន្ថយ ហើយ ៤.៦ នៃ​ករណី​ជំងឺ​បេះដូង​អាច​នឹង​ត្រូវបាន​ទប់ស្កាត់​៕
​ ​
ប្រភពពី៖  BizKhmer

ចែករំលែកអត្ថបទ

ខ្ញុំស្រលាញ់ការសរសេរអត្ថបទនិងពេញចិត្តការចែករំលែកចំណេះដឹងទៅកាន់មនុស្សទូទៅដើម្បីជាប្រយោជន៍ដល់អ្នកទាំងអស់គ្នា ព្រោះមានតែពុទ្ធិទេទើបធ្វើអោយមនុស្សយើងក្លាយ ទៅជាធនធានមនុស្សមួយដែលមានសក្ដានុពលក៏អស្ចារ្យដែលអាចជួយខ្លួនឯង គ្រួសារ និងសង្គមជាតិបាន។

អត្ថបទសំខាន់ដែលអ្នកគួរតែអាន ! × +